[ព័ត៌មានក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសេចក្តីប្រកាស ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ ដោយចាប់ផ្តើមប្រមូលចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
ក្នុងនោះដែរ ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានយន្តគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬបង់តាមធនាគារមួយចំនួន និងអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញចេញពី App Store សម្រាប់ IOS និង Play Store សម្រាប់ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានយន្តគ្រប់ប្រភេទកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវ លតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)
ចំពោះយានយន្តរបស់ក្រសួងឬស្ថាប័ន ឬអង្គភាពដែលត្រូវ ទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ( តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសាធារណការនិងហិរញ្ញវត្ថុ។
ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋស្លាកលេខ រដ្ឋ ស្លាកលេខ ខ.ម ឬ ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២នោះទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញតិ្តពីរស្ដីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ ការនិងដឹកជញ្ជូននៅបានរួចរាល់ជាមុនសិន។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕