កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CP All Plc បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ នៅឆ្នាំក្រោយ។
វាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគម្រោងដើមរបស់ខ្លួន ទោះបីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ CP All (Cambodia) Co Ltd និង CP All (Laos) Co Ltd បានព្រមានអំពីរឿងរដិរដុបដោយសារតែបញ្ហាកូវីដ១៩ ក៏ដោយ។
គួរឲ្យដឹងថា ក្រុមហ៊ុន CP All Cambodia និង CP All Laos បានទទួលសិទ្ធិផ្តាច់មុខរយៈពេល ៣០ ឆ្នាំ ក្នុងការបង្កើត និងដំណើរការសាខាហាង 7-Eleven។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ប្រទេសថៃ។
ជាមួយគ្នានេះដែរ សេចក្តីប្រកាសព័ត៌មានអមជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខមួយ នៅថ្ងៃទី ៧ ខែឧសភា ជាមួយ CP All Cambodia ក្រុមហ៊ុន 7-Eleven Inc បានឲ្យដឹងថា “ហាង 7-Eleven ដំបូងបង្អស់របស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២១ ខាងមុខ”។
គួរបញ្ជាក់ថា កម្ពុជា នឹងក្លាយជាប្រទេសទី១៩ ដែលបើកដំណើរការ ឬនឹងបើកដំណើរការ ហាង 7-Eleven៕