យោងតាមការវិភាគថ្មីមួយ បានឲ្យដឹងថា វិបត្តិកូវីដ១៩ គឺស្ថិតនៅលើផ្លូវដើរមួយដែលនឹងអាចកាត់បន្ថយកញ្ចប់ប្រាក់ខែជាមធ្យមចំនួន ១ ២០០ ផោនក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។
ការព្យាករណ៍នេះបានមកពីមូលនិធិ Resolution Foundation ដែលជាក្រុមអ្នកវិភាគផ្តោតលើការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ដែលមានប្រាក់ចំណូលទាបទៅពាក់កណ្តាល។
ការលើកឡើងនេះកើតឡើងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអធិការបតីអង់គ្លេស លោក Rishi Sunak បានព្រមានថា ភាពអត់ការងារធ្វើអាចនឹងកើនឡើងដល់ ២,៦ លាននាក់ នៅពាក់កណ្តាលឆ្នាំ ២០២១ ។
លោក Torsten Bell នាយកប្រតិបត្តិនៃមូលនិធិ Resolution Foundation បានព្រមានថា “វិបត្តិកូវីដ១៩ កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុសាធារណៈ និងការខូចខាតជាអចិន្ត្រៃយ៍ចំពោះហិរញ្ញវត្ថុគ្រួសារផងដែរ។ ឥទ្ធិពលរួមគ្នានៃកំណើនប្រាក់ខែទាប និងភាពអត់ការងារធ្វើកាន់តែខ្ពស់ នឹងជួយកាត់បន្ថយកម្រិតជីវភាពរបស់ប្រជាជននៃចក្រភពអង់គ្លេស”៕