តម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ជាង ៥០០ ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ មុនការចុះបញ្ជីរបស់វា នៅលើសន្ទស្សន៍ទីផ្សារ S&P 500 ដោយភាគហ៊ុនរបស់វាបានកើនឡើង ៦,៤ ភាគរយ ឬជិត ៣២ ពាន់លានដុល្លារក្នុងរយៈពេលត្រឹម ២៤ ម៉ោង។
ការកើនឡើងនេះបានធ្វើឲ្យតម្លៃរបស់វាសរុបស្មើនឹង ៥២៦ ពាន់លានដុល្លារ កើនឡើងជាង ៥៦០ ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២០ មក ហើយមានន័យថា ស្ថាបនិកក្រុមហ៊ុន Tesla គឺ Elon Musk ដែលកាន់កាប់ភាគហ៊ុន ១៨ ភាគរយនៃក្រុមហ៊ុន រកចំណូលបាន ១០០ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។
ក្រុមហ៊ុន Tesla កំពុងទទួលបានការវិនិយោគភ្លូកទឹកភ្លូកដីពីវិនិយោគិន ដែលមើលឃើញពីអនាគតដ៏ភ្លឺថ្លារបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ។ តម្លៃភាគហ៊ុនរបស់វាក៏ត្រូវបានកើនឡើងផងដែរ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
លោក Garrett Nelson អ្នកវិភាគរបស់ CFRA បាននិយាយនៅក្នុងកំណត់ត្រាមួយ កាលពីថ្ងៃអង្គារថា តម្លៃកើនឡើងរបស់ក្រុមហ៊ុន មានន័យថា វាអាចខ្ចីប្រាក់ ឬរៃអង្គាសប្រាក់បានក្នុងលក្ខខណ្ឌមានគុណសម្បត្តិច្រើនជាងគូប្រកួតប្រជែង។
អ្នកឯកទេសរូបនោះបានបន្ថែមថា វាជារឿងសំខាន់ណាស់ដែលក្រុមហ៊ុននៅតែបន្តសាងសង់រោងចក្រថ្មីៗ និងសម្រេចគោលដៅបង្កើនបរិមាណរថយន្តប្រចាំឆ្នាំ ៤០ ដងក្នុងមួយទសវត្សរ៍ ពី ៥០០ ០០០ គ្រឿងក្នុងឆ្នាំ ២០២០ ដល់ ២០ លានគ្រឿងនៅឆ្នាំ ២០៣០៕