យោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចូលរថយន្តចំនួនជាង ៨៦ ០០០ គ្រឿង ដែលមានតម្លៃជិត ១,៩ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា។
ជាមួយគ្នានេះដែរ គយវៀតណាមបាននិយាយថា គ្រឿងបន្លាស់រថយន្តដែលមានតម្លៃស្មើនឹង ៣,២ ពាន់លានដុល្លារ ត្រូវបាននាំចូលក្នុងអំឡុងពេលដូចគ្នានោះ។ ការចំណាយរួមគ្នាជិត ៥,១ ពាន់លានដុល្លារ លើការនាំចូលរថយន្ត និងគ្រឿងបន្លាស់ គឺជាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ១,៣ ពាន់លានដុល្លារ ដោយសារផលប៉ះពាល់របស់ Covid-19។
ការកើនឡើងនៃការនាំចូលរថយន្តត្រូវបានគេមើលឃើញនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយមានចំនួនជាង ១០ ៣០០ គ្រឿងនៅក្នុងខែតុលា, ៩ ៧០០ គ្រឿងក្នុងខែកញ្ញា និង ៦ ១០០ គ្រឿងនៅក្នុងខែសីហា។ នៅឆមាសទី ១ នៃខែវិច្ឆិកា មានការនាំចូលចំនួន ៦ ២២៧ គ្រឿង សរុបតម្លៃជាង ១៣៥ លានដុល្លារ។
បើតាមអ្នកជំនាញនៅក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា នេះគឺជាសញ្ញាមួយសម្រាប់ក្រុមហ៊ុននាំចូលរថយន្ត ដើម្បីចាប់ផ្តើមយុទ្ធនាការលក់ សម្រាប់រដូវកាលចុងឆ្នាំនេះ។ ការនាំចូលរថយន្តភាគច្រើនមកពីប្រទេសថៃ និងឥណ្ឌូនេស៊ី ក្នុងតម្លៃជាមធ្យមចន្លោះពី ៣៥០ លានដុង (១៥ ០០០ ដុល្លារ) ដល់ ១,២ ពាន់លានដុង (៥១ ៧០០ ដុល្លារ) ។
ក្រុមអ្នកជំនាញបាននិយាយថា ទំហំនៃផលិតកម្មការ លើកលែងពន្ធ និងម៉ូដែលរថយន្តដែលមានតម្លៃសមរម្យ គឺជាធាតុដែលបានអនុញ្ញាតឲ្យប្រទេសទាំងនេះទទួលបានចំណែកទីផ្សារធំនៅវៀតណាម៕