ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសវៀតណាមចាំបាច់ត្រូវវិនិយោគទឹកប្រាក់ចំនួន ១៥០ ពាន់លានដុល្លារ ឬពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដើម្បីបង្កើនការផលិតថាមពលនៅទសវត្សរ៍ក្រោយ ប៉ុន្តែការប្រមូលថវិកានឹងមានការលំបាក។
លោក Dang Huy Dong ប្រធានវិទ្យាស្ថានផែនការ និងអភិវឌ្ឍន៍ទីក្រុងហាណូយ បាននិយាយនៅក្នុងវេទិកាមួយ កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លំហូរដើមទុននឹងមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការនេះទេ។ លោកបន្តថា ខណៈលំហូរមូលធនអន្តរជាតិមានច្រើន វាក៏មានការប្រកួតប្រជែងខ្ពស់ដែរ ហើយលោកបន្ថែមថា អ្នកផ្តល់ប្រាក់កម្ចីបរទេសក៏មានស្តង់ដារខ្ពស់ផងដែរ។
លោក Nguyen Duc Hien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចកណ្តាល បាននិយាយថា ការខ្ចីប្រាក់ក្នុងស្រុកគឺពិបាកខណៈដែលមានឧបសគ្គចំពោះការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យថាមពល។
ជាមួយគ្នានេះដែរ អ្នកវិភាគផ្សេងទៀតបានព្រមានថា ដោយសារថាមពលគឺជាឧស្សាហកម្មរសើប ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើសេដ្ឋកិច្ច រដ្ឋាភិបាលចាំបាច់ត្រូវជ្រើសរើស និងធានាថា វិនិយោគិនបរទេសមិននាំមកនូវបច្ចេកវិទ្យាទាប ឬស្វែងរកការគ្រប់គ្រងធនធានរបស់ប្រទេស៕