ប្រទេសចិននឹងដាក់ពន្ធលើស្រាអូស្រ្តាលីដល់ទៅ ២១២% ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតែម្តង។
ក្រសួងពាណិជ្ជកម្មរបស់ចិនបាននិយាយថា ទាំងនេះគឺជាវិធានការប្រឆាំងនឹង គោលនយោបាយកំណត់តម្លៃ (Dumping) បណ្តោះអាសន្ន ដើម្បីបញ្ឈប់ការនាំចូលស្រាអូស្ត្រាលី។
ពន្ធនេះនឹងមានចាប់ពី ១០៧% ទៅ ២១២% ដែលធ្វើឲ្យមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
ក្នុងប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំងបានកំណត់គោលដៅការនាំចូលរបស់អូស្រ្តាលី រួមមានទាំង ធ្យូងថ្ម ស្ករ ស្រូវសាឡី និងបង្កង ចំពេលមានភាពតានតឹងផ្នែកនយោបាយផងដែរ។
ក្រុមមន្រ្តីនៅក្នុងប្រទេសចិនបានអះអាងថា ស្រាអូស្រ្តាលីមួយចំនួនត្រូវបានលក់ក្នុងតម្លៃថោកជាង (Dumped) នៅទីផ្សារប្រទេសរបស់ខ្លួន តាមរយៈការប្រើប្រាស់ប្រាក់ឧបត្ថម្ភ។ ទោះជាយ៉ាងណាប្រទេសអូស្ត្រាលីបានច្រានចោលការអះអាងនេះ។
គួរឲ្យដឹងថា ប្រទេសចិនគឺជាទិសដៅធំបំផុតសម្រាប់ការនាំចេញស្រារបស់អូស្ត្រាលី ដែលមានចំនួន ៣៩ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០៕