[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ក៏បានចេញម៉ូតូ Future 125 ស៊េរីឆ្នាំ ២០២២ របស់ខ្លួន នៅលើទីផ្សារប្រទេសវៀតណាម ជាមួយនឹងរូបរាងស្អាត និងអ្វីដែលកាន់តែពិសេសនោះគឺសន្សំចំចៃសាំងរហូត ១,៥៤ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម។
ម៉ូតូចង្កឺះលេខ Honda Future 125 បានប្រើប្រាស់ម៉ាស៊ីនសាំង OHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Air-Cooled ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៩,១សេះ និងកម្លាំងរមួល ១០,២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៤ វគ្គ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ១,៥៤ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម។
ជាមួយគ្នានេះដែររូបរាងរបស់ម៉ូតូចង្កះលេខ Honda Future 125 រចនាទ្បើងស្រដៀងគ្នានឹង Wave ដោយវាបានបំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រសម្រាប់មើលព័ត៌មានល្បឿន ឬសាំង និងប្រព័ន្ធ Shutter key ដើម្បីសុវត្ថិភាពផងដែរ។
ម៉ូតូចង្កះលេខ Honda Future 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែលតម្លៃចាប់ពី ១,២៩៤ ដុល្លារ នៅលើទីផ្សារប្រទេសវៀតណាម៕