Google ត្រូវបានស្គាល់យ៉ាងច្បាស់ និងប្រើប្រាស់យ៉ាងទូលាយនៅសឹងគ្រប់បណ្តាប្រទេសក្នុងសកលលោកយើងនេះ។ Google បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេ Alphabet Inc.,។ ១០ចំណុចខាងក្រោមនេះ នឹងបង្ហាញខ្លះៗពីក្រុមហ៊ុនមួយនេះ!
១. Google ចាប់ផ្ដើមឡើងនៅខែមករា ឆ្នាំ១៩៩៦ ដែលជាគម្រោងស្រាវជ្រាវមួយ បង្កើតឡើងដោយនិស្សិតថ្នាក់បណ្ឌិត ២រូបគឺ លោក Larry Page និងលោក Sergey Brin នៃសកលវិទ្យាល័យ Stanford ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

២. “BackRub” គឺជាឈ្មោះដំបូងរបស់គម្រោងនេះ បន្ទាប់មកទើបប្តូរទៅជា “Google” វិញ។ “Google” នេះទៀតសោតគឺ កើតចេញពីការសរសេរខុសពីពាក្យដើម “Googol” ដែលជាពាក្យបច្ចេកទេសគណិតវិទ្យា សំដៅទៅលើចំនួនលេខ ១ ដែលមានលេខសូន្យ (0) ចំនួន ១០០ នៅពីក្រោយ។
៣. Google បង្កើតឡើងសម្រាប់ដោះស្រាយបញ្ហា។ ព្រោះនៅឆ្នាំនោះ Search Engines ភាគច្រើនបង្ហាញលទ្ធផលមិនចំគោលដៅ និងមិនច្បាស់លាស់ ទើបបណ្តាលឲ្យបង្កើតជា Google ឡើង។
៤. “PageRank” គឺបច្ចេកវិទ្យា ដែលអ្នកទាំងពីរបានបង្កើត ដែលជាប្រភេទ search engine ថ្មី អាចកំណត់ឃើញនូវវេបសាយជាប់ពាក់ព័ន្ធក្នុង page ជាច្រើនទំព័រដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានស្វែងរក។
៥. កម្មវិធី Google ត្រូវបានដាក់ស្នើរលក់បច្ចេកវិទ្យានេះ ឲ្យទៅក្រុមហ៊ុន Yahoo ក្នុងតម្លៃ ២លានដុល្លារ ប៉ុន្តែត្រូវបានគេបដិសេធ។ មូលហេតុនេះ ទើបសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនក្នុងហ្គារាសមួយកន្លែងរបស់មិត្តភក្តិ។
៦. ឆ្នាំ ១៩៩៨ ក្រុមហ៊ុន Google បានទទួលមូលប្បទានប័ត្រ ១០០,០០០ ដុល្លារ ពីលោក Andy Bechtolsheim (ស្ថាបនិក Sun Microsystems) ទាំងដែលក្រុមហ៊ុនមិនទាន់បានចុះបញ្ជីនៅឡើយ។
៧. Google មានគោលដៅចម្បងមួយ គឺជា Search Engines ដែលមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងផ្តោតតែលើការស្វែងរកតែប៉ុណ្ណោះ មិនមានការផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ដោយផ្តោតលើអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ជាចម្បង។
៨. Google មានការស្វែងរក ៨.៥ ពាន់លានដងទៅ ៩ពាន់លានដង ក្នុងមួយថ្ងៃនៅទូទាំងពិភពលោក។ ជិត ៦០% នៃការស្វែងរកទាំងអស់នៅលើ Google បានមកពីឧបករណ៍ចល័ត។
៩. Google មានចំណែកទីផ្សារប្រហែល ៩០% នៅក្នុងទីផ្សារម៉ាសុីនស្វែងរក (search engines) ជាសកល។
១០.ដើមឆ្នាំ ២០២៦ តម្លៃក្រុមហ៊ុន Google ឡើងដល់ទៅ ៣.៨ ពាន់ពាន់លានដុល្លារ ជាក្រុមហ៊ុនដែលមានតម្លៃបំផុតទី ៣ នៅលើពិភពលោក។


