បន្ទាប់ពីមានគម្រោងបង្កើនអាយុកាលប្រើប្រាស់រហូតដល់ឆ្នាំ 2050 ពេលនេះ សហរដ្ឋអាមេរិក បានបង្ហាញចេញនូវផែនការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានការវិនិយោគចំនួនដល់ទៅ ២ ពាន់លានដុល្លារឯណ្ណោះ ដើម្បីបង្កើតនូវម៉ាសុីនយន្តហោះថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber របស់ខ្លួន។

សម្រាប់ការវិនិយោគថ្មីនេះ សហរដ្ឋអាមេរិកផ្ទាល់ គឺមានគោលបំណងបង្កើតម៉ាសុីនយន្តហោះថ្មីហៅថា Rolls-Royce F130 សម្រាប់ជំនួសម៉ាស៊ីន Pratt & Whitney TF33 ចាស់ ដែលប្រើតាំងពីឆ្នាំ 1962 ដើម្បីបង្កើនអាយុកាលប្រើប្រាស់រហូតដល់ឆ្នាំ 2050 មុនពេលប្រកាសចូលនិវត្តន៍។

ក្រៅពីនេះនេះ ការវិនិយោគនេះ ក៏រួមបញ្ចូលនូវការពិនិត្យឡើងវិញនូវការរចនាយន្តហោះ, ការសាកល្បងយន្តហោះ និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដូចជាប្រព័ន្ធរ៉ាដា AN/APQ-188 ផងដែរ។ ក្នុងនោះ ការងារនេះ គឺត្រូវបានរំពឹងថានឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2033 ។
គួរបញ្ជាក់ថា សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber នេះ គឺត្រូវបានរចនា និងផលិតដោយក្រុមហ៊ុន Boeing អស់រយៈពេលជាង 60 ឆ្នាំមកហើយ ហើយបច្ចុប្បន្ន កងទ័ពអាកាសអាមេរិក គឺមានយន្តហោះ B-52 នេះ ចំនួន 75 គ្រឿង៕


