បុរសម្នាក់មានឈ្មោះថា Josua Hutagalung អាយុ ៣៣ ឆ្នាំ មកពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ប្រហែលជាមិនពេញចិត្តទេ នៅពេលដុំអាចម៍ផ្កាយទំហំ ២,១ គីឡូក្រាម បានធ្លាក់ចូលផ្ទះដែលមានដំបូលប្រក់ស័ង្កសីរបស់លោក។ ទោះជាយ៉ាងណា ក្រោយមកលោកបានសរសើរសំណាងរបស់ខ្លួន នៅពេលដែលវាធ្វើឲ្យលោកក្លាយជាសេដ្ឋីក្នុងមួយប៉ប្រិចភ្នែក។
អាចម៍ផ្កាយនោះបានធ្លាក់ និងកប់ក្នុងដីជម្រៅប្រហែល ១៥ សង់ទីម៉ែត្រ នៅជាប់នឹងផ្ទះរបស់លោក។ ក្រោយមក លោកក៏បានទៅពិនិត្យមើល និងថតរូបបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អាចម៍ផ្កាយនោះត្រូវបានគេប៉ាន់ស្មានថា មានអាយុកាល ៤,៥ ពាន់លានឆ្នាំ ហើយត្រូវបានគេចាត់ថ្នាក់ជា CM1/2 Carbonaceous Chondrite ដែលមានតម្លៃប្រហែល ១,៨៥ លានដុល្លារ។
ក្រោយមក លោក Hutagalung បានលក់វាឲ្យទៅអ្នកជំនាញម្នាក់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញពីតម្លៃពិតប្រាកដឡើយ ដោយគ្រាន់តែថា វាលើស ១,៣ លានដុល្លារ។
យ៉ាងណាមិញ លោកគ្រោងនឹងប្រើលុយទាំងនោះដើម្បីសាងសង់ព្រះវិហារថ្មី សម្រាប់ទីក្រុងរបស់លោក ដែលជាវិធីមួយដើម្បីថ្លែងអំណរគុណដល់ព្រះ៕