យុវជនម្នាក់មានឈ្មោះថា Sadat Rahman អាយុ ១៧ ឆ្នាំ មកពីប្រទេសបង់ក្លាដែស បានឈ្នះពានរង្វាន់ “2020 Children’s Peace Prize” បន្ទាប់ពីបានបង្កើតកម្មវិធីប្រឆាំងនឹងអ្នកគំរាមកំហែងគេតាមអ៊ីនធឺណិត (Anti-Cyberbullying App) ហៅថា “Cyber Teens”។
កម្មវិធី Cyber Teens នេះ អនុញ្ញាតឲ្យក្មេងជំទង់ផ្ញើរបាយការណ៍នៃការសម្លុតគំរាមកំហែងដោយសម្ងាត់ និងបង្រៀនពួកគេអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ហើយត្រូវបានបង្កើតឡើង បន្ទាប់ពី Rahman បានស្តាប់ឮព័ត៌មានអំពីក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ បានសម្លាប់ខ្លួនដោយសារតែការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។
លោក Malala Yousafzai អ្នកឈ្នះរង្វាន់ណូបែល និងជាអ្នកឈ្នះវ័យក្មេងជាងគេ នៃពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) បានចាត់ទុក Rahman ជាអ្នកលើកទឹកចិត្ត បន្ទាប់ពីកម្មវិធីរបស់គេមានមនុស្សជំទង់ប្រើជាង ១ ៨០០នាក់ នៅក្នុងស្រុករបស់គេ។
គួរឲ្យដឹងថា Cyber Teens នេះបានជួយភ្ជាប់ទំនាក់ទំនងរវាងជនរងគ្រោះ ជាមួយអ្នកស្ម័គ្រចិត្ត ដែលនឹងរាយការណ៍ព័ត៌មាន និងហេតុការណ៍ទាំងនោះទៅកាន់ប៉ូលីស ឬអ្នកធ្វើការសង្គម។
មនុស្សវ័យក្មេងប្រហែល ៣៧% ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ត្រូវបានគេគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែក្នុងចំណោមនោះមានតែម្នាក់ក្នុងចំណោម ១០នាក់ប៉ុណ្ណោះ បានប្រាប់ការពិតទៅឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ៕