ប្រទេសវៀតណាមបានបង្រួមអប្បបរមា នូវការខូចខាតសេដ្ឋកិច្ចពីកូវីដ១៩ ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលកំពុងកើនឡើងផ្នែកសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២០ នេះ។
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ២,៤% នៅឆ្នាំ ២០២០។ នេះបើយោងតាមតួលេខចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund (IMF)។
គួរឲ្យដឹងថា ប្រទេសវៀតណាម កើតមានកូវីដ១៩ តែ ១ ២៨៨ ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៣៥នាក់តែប៉ុណ្ណោះ។
IMF បានព្យាករពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញខ្លាំង នៅឆ្នាំ ២០២១ ដោយថានឹងកើនឡើងដល់ ៦,៥% ខណៈដែលប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុង និងក្រៅប្រទេសនៅតែបន្ត។
ទោះបីជាប្រទេសវៀតណាមខ្វះហេដ្ឋារចនាសម្ព័ន្ធសុខភាព របស់ប្រទេសអ្នកមានជាច្រើនក៏ដោយ ក៏វាត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះវិធានការសុខភាពសាធារណៈ ដែលធ្វើឲ្យចំនួនមនុស្សស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងឆាប់រហ័ស៕