ក្រុមហ៊ុន Amazon បានបើកដំណើរការឱសថស្ថានអនឡាញមួយ ដែលកំពុងធ្វើឲ្យឱសថស្ថានតាមបែបប្រពៃណី មានក្តីព្រួយបារម្ភយ៉ាងខ្លាំង។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Amazon ក្នុងការចាប់ផ្តើមលក់ថ្នាំតាមវេជ្ជបញ្ជា កើតឡើងប្រហែលពីរឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុននេះ បានទិញយកក្រុមហ៊ុនឱសថអនឡាញ PillPack Inc., និងស្របពេលជាមួយនឹងជំងឺរាតត្បាត Covid-19 ដែលមានអតិថិជនកាន់តែច្រើន ងាកទៅរកការបញ្ជាទិញតាមអ៊ិនធឺណិតវិញ។
ការឈានជើងចូលក្នុងអាជីវកម្មឱសថរបស់ Amazon នេះ នឹងធ្វើតេស្តសមត្ថភាពរបស់ខ្លួនឯង ក្នុងការបង្ក្រាបទីផ្សារដែលជាកន្លែងបណ្តាញជាតិ និងក្រុមហ៊ុនធានារ៉ាប់រងធំៗ ត្រួតត្រាថាតើថ្នាំត្រូវចែកចាយយ៉ាងដូចម្តេច។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Amazon សង្ឃឹមថានឹងប្រើប្រាស់ភាពងាយស្រួលនៃសេវាកម្មដឹកជញ្ចូន Prime របស់ខ្លួន ដើម្បីយកឈ្នះ លើទម្លាប់អ្នកជំងឺដែលតែងតែធ្វើដំណើរទៅរកឱសថស្ថានដោយខ្លួនឯង៕