យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចិន មានបំណងបង្កើនថាមពលកកើតឡើងវិញ, រក្សាទិន្នផលប្រេងឆៅ និង ជំរុញផលិតកម្មឧស្ម័នធម្មជាតិ ខណៈដែលវាស្វែងរកតុល្យភាពសន្តិសុខថាមពល (balance energy security) និងសម្រេចឲ្យបាននូវគោលដៅផ្លាស់ប្តូរអាកាសធាតុ (climate change goals) របស់ខ្លួន។
ចិន ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ការបំភាយកាបូន (carbon emission) របស់ខ្លួននឹងឈានដល់កម្រិតកំពូល នៅឆ្នាំ ២០៣០ ខណៈដែលវាក៏បានបន្ថែមថា ខ្លួននឹងសម្រេចបាននូវអព្យាក្រឹតភាពកាបូន (carbon neutrality) នៅឆ្នាំ ២០៦០។
គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ National Development and Reform Commission បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា “យើងនឹងពន្លឿនការកែសម្រួលរចនាសម្ព័ន្ធថាមពល និង លើកកម្ពស់សុវត្ថិភាពផ្គត់ផ្គង់ថាមពល ព្រមទាំងការផ្លាស់ប្តូរកាបូនទាប (low-carbon transformation) ក្នុងពេលតែមួយ” ។
យ៉ាងណាមិញ ប្រទេសចិន នឹងរក្សាទិន្នផលប្រេងឆៅប្រចាំឆ្នាំចំនួន ២០០ លានតោន និង បង្កើនការផលិតឧស្ម័នធម្មជាតិប្រចាំឆ្នាំដល់ជាង ២៣០ ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ ២០២៥៕