ក្រុមហ៊ុន Netflix កាលពីថ្ងៃពុធបាននិយាយថា ខ្លួនកំពុងសាកល្បងគិតថ្លៃសេវាបន្ថែម ដល់អតិថិជនដែលចែករំលែកគណនីរបស់ពួកគេ ជាមួយមនុស្សដែលមិនរស់នៅក្នុងផ្ទះរបស់ពួកគេ។
ជាយូរណាស់មកហើយ Netflix បានប្រើនូវវិធីសាស្រ្តបន្ធូរអារម្មណ៍ដល់អ្នកប្រើប្រាស់ដែលចែករំលែកលេខសម្ងាត់ ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ប៉ុន្តែថ្មីៗនេះបានមើលឃើញការធ្លាក់ចុះភាគហ៊ុនលើលទ្ធផលប្រចាំត្រីមាស។
ទន្ទឹមនឹងនោះ ការប្រកួតប្រជែងនៅក្នុងទីផ្សារទូរទស្សន៍កំពុងកើនឡើង ជាពិសេសពី Disney+។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍ខាងមុខនេះ ក្រុមហ៊ុន Netflix នឹងចាប់ផ្តើមផ្តល់ជូនអតិថិជននៅក្នុងប្រទេសឈីលី កូស្តារីកា និងប្រទេសប៉េរូ នូវជម្រើសក្នុងការបន្ថែមមនុស្សពីរនាក់ទៅ “គណនីរង” ដោយគិតថ្លៃប្រចាំខែពី ២ ដុល្លារទៅ ៣ ដុល្លារ។
ក្រុមហ៊ុន Netflix បាននិយាយថា វានឹងអនុញ្ញាតឲ្យមនុស្សដែលបានចែករំលែកគណនីរួចហើយ ដើម្បីផ្ទេរ profile និង ឆែកមើលព័ត៌មានប្រវត្តិ ទៅកាន់គណនីរងថ្មី។
គួរឲ្យដឹងថា ក្រុមហ៊ុន Netflix បានបញ្ចប់ឆ្នាំ២០២១ ជាមួយនឹងអតិថិជនចំនួន ២២១,៨ លាននាក់ ដែលទាបជាងគោលដៅ៕