រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phoc បានជូនដំណឹងដល់សមាជិកសភាកាលពីថ្ងៃពុធថា ប្រទេសវៀតណាមបានយកពន្ធលើវេទិកាឆ្លងព្រំដែន ដូចជា Google និង Facebook ចំនួនជាង ២១៨លានដុល្លារ ក្នុងចន្លោះឆ្នាំ ២០១៨ ដល់ ២០២១។
លោក Phoc បាននិយាយថា ក្នុងអំឡុងពេល ៤ ឆ្នាំនេះ Facebook បានបង់ពន្ធសរុប ៧៣លានដុល្លារ, Google ៧០លានដុល្លារ និង Microsoft ជាង ២៥លានដុល្លារ។
រដ្ឋមន្ត្រីខាងលើបានបន្ថែមថា កាលពីឆ្នាំមុន វៀតណាមរកចំណូលបានជាង ៥៧លានដុល្លារពីការយកពន្ធ លើវេទិកាឆ្លងព្រំដែន កើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំ ២០២០។
អាជ្ញាធរវៀតណាមបាននឹងកំពុងអំពាវនាវឲ្យមានការយកពន្ធឲ្យបានត្រឹមត្រូវ ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook និង Google ដោយនិយាយថា ក្រុមហ៊ុនទាំងនេះមានចំណែកប្រហែល ៧០ ភាគរយនៃទីផ្សារផ្សាយពាណិជ្ជកម្មអនឡាញ ប៉ុន្តែប្រើមធ្យោបាយផ្សេងគ្នាដើម្បីគេចវេសពីពន្ធ។
អគ្គនាយកដ្ឋានពន្ធដារវៀតណាម បាននិយាយកាលពីឆ្នាំមុនថា Facebook, Google, Netflix, YouTube និងវេទិកាឆ្លងដែនផ្សេងទៀត មិនបានបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេ នៅក្នុងប្រទេសវៀតណាមនោះទេ។ មិនតែប៉ុណ្ណោះ ប្រទេសវៀតណាមក៏កំពុងសម្លឹងមើលការយកពន្ធលើអ្នកលក់អនឡាញផងដែរ ទាំងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការលក់តាមអេឡិចត្រូនិក បានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕