ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IT មួយឈ្មោះថា IDC បាននិយាយថា ប្រទេសថៃបានកត់ត្រាការនាំចេញស្មាតហ្វូនដែលអាចប្រើ 5G ដ៏ធំបំផុតនៅក្នុងអាស៊ាន កាលពីឆ្នាំមុន ដែលជំរុញដោយភាពអាចរកបានយ៉ាងទូលំទូលាយនៃទូរសព្ទ 5G, តម្រូវការកើនឡើង និងការឧបត្ថម្ភធនពីរដ្ឋាភិបាល។
លោក Teerit Paowan អ្នកវិភាគទីផ្សារឧបករណ៍អតិថិជននៅ IDC Thailand បាននិយាយថា “យើងឃើញថា ស្មាតហ្វូនដែលប្រើ 5G បានចូលរួមចំណែកច្រើនជាង ១ភាគ៣ នៃទីផ្សារសរុបនៅក្នុងប្រទេសថៃ នៅក្នុងត្រីមាសចុងក្រោយ និងពេញមួយឆ្នាំនៃឆ្នាំ ២០២១ អរគុណទៅដល់ iPhone របស់ក្រុមហ៊ុន Apple និងទូរសព្ទ Android តម្លៃសមរម្យ ដូចជា Samsung Galaxy A52, vivo Y76 និង Redmi Note 10″។
លោក Teerit បានបន្ថែមថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសចិន និងជប៉ុន ប្រទេសថៃ គឺនៅពីក្រោយតែប្រទេសឥណ្ឌា និងកូរ៉េខាងត្បូងប៉ុណ្ណោះ ចំពោះការនាំចេញស្មាតហ្វូន 5G។
យោងតាម “កម្មវិធីតាមដានទូរសព្ទដៃប្រចាំត្រីមាស” របស់ IDC បានបង្ហាញឲ្យឃើញថា ការនាំចេញទូរសព្ទរបស់ប្រទេសថៃឈានដល់ ២០,៩ លានគ្រឿងក្នុងឆ្នាំ ២០២១ កើនឡើង ២០,៩% ធៀបនឹងឆ្នាំមុន ដែលជាកំណើនដ៏ធំបំផុតក្នុងចំណោមប្រទេសអាស៊ាន៕