ក្រុមមន្ត្រីរបស់ប្រទេសស្រីលង្កា បាននិយាយថា ផែនការនាំចូលឥន្ធនៈរបស់ប្រទេសស្រីលង្កា ត្រូវបានរំខានដោយការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងឆៅពិភពលោក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឲ្យប្រទេសកោះដែលរងគ្រោះដោយវិបត្តិនេះ ជួបការពិបាកក្នុងការចំណាយសម្រាប់ប្រេងម៉ាស៊ូត ចំពេលមានការកាត់ផ្តាច់ចរន្តអគ្គិសនី។
ជាមួយនឹងទុនបម្រុងបរទេសធ្លាក់ចុះ ៧០ ភាគរយក្នុងរយៈពេល ២ឆ្នាំចុងក្រោយ មកត្រឹម ២,៣៦ ពាន់លានដុល្លារនៅចុងខែមករា ប្រទេសស្រីលង្កាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារប្រេងឆៅមានតម្លៃប្រហែល ១៣០ ដុល្លារក្នុងមួយបារ៉ែល ឬជិតទ្វេដងចាប់តាំងពីដើមខែធ្នូមក។
លោកស្រី K.D.R. Olga លេខាធិការនៃក្រសួងថាមពលស្រីលង្កា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា បន្ទាប់ពីតម្លៃនៃការនាំចេញប្រេងម៉ាស៊ូត ៣៨ ០០០ តោន បានកើនឡើង ៤៧ ភាគរយដល់ ៥០ លានដុល្លារកាលពីសប្តាហ៍មុន វាអាចបង្ហាញពីភាពលំបាកសម្រាប់រដ្ឋាភិបាល ក្នុងការស្វែងរកប្រាក់ដុល្លារឲ្យបានឆាប់រហ័ស ដើម្បីចំណាយសម្រាប់ការនាំចូលបន្ថែមទៀត។
យ៉ាងណាមិញ បើតាមប្រភពពីរដែលមានចំណេះដឹងផ្ទាល់អំពីផែនការដំបូង បាននិយាយថា ការកើនឡើងតម្លៃប្រេងបានធ្វើឲ្យខូចយុទ្ធសាស្ត្រនាំចូលប្រេងឥន្ធនៈរបស់រដ្ឋាភិបាលស្រីលង្កា៕