[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងទណ្ឌកម្មមកលើខ្លួន ពេលនេះរុស្ស៊ីកំពុងសងសឹកនឹងលោកខាងលិចដោយអនុម័តការហាមឃាត់ការនាំចេញដែលរួមបញ្ចូលទំនិញជាង ២០០ មុខ ហើយនឹងបន្តរហូតដល់ចុងឆ្នាំនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋបាននិយាយថា បញ្ជីនេះរួមមានបច្ចេកទេស ទូរគមនាគមន៍ និងគ្រឿងបរិក្ខារពេទ្យ ព្រមទាំងរថយន្ត គ្រឿងយន្តកសិកម្ម ក្បាលរថភ្លើង និងរទេះភ្លើង។ ធាតុផ្សេងទៀតរួមមាន ធុងកុងទ័រនឺ ទួរប៊ីន ម៉ាស៊ីនកែច្នៃដែក និងថ្ម ម៉ូនីទ័រ ម៉ាស៊ីនបញ្ចាំង កុងសូលជាដើម។
ជាមួយគ្នានេះ សារព័ត៌មាន BBC បានរាយការណ៍ថា ការហាមឃាត់ការនាំចេញមានគោលដៅប្រហែល ៤៨ ប្រទេសដែលរដ្ឋាភិបាលរុស្ស៊ីបាននិយាយថា បានប្រព្រឹត្តសកម្មភាពមិនរាក់ទាក់ ប្រឆាំងនឹងខ្លួន។ លើសពីនេះ រដ្ឋាភិបាលបានបន្ថែមថា ការហាមប្រាមនេះមានគោលបំណងធានាឲ្យមានការដំណើរការដោយគ្មានការរំខាននៃវិស័យសំខាន់ៗនៃសេដ្ឋកិច្ច។
ការផ្លាស់ប្តូរនេះហាក់ដូចជាមានការប៉ះពាល់ដល់ក្រុមហ៊ុន Stellantis ដោយបានប្រាប់គេហទំព័រ Carscoops នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបញ្ឈប់ការនាំចូល និងនាំចេញរថយន្តពីប្រទេសរុស្ស៊ី។ គួរឲ្យដឹងថា ក្រុមហ៊ុននេះបានដំណើរការរោងចក្រនៅក្នុងទីក្រុង Kaluga ហើយបានចាប់ផ្តើមនាំចេញរថយន្ត Citroёn Jumpy, Peugeot Expert និង Opel Vivaro ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចកាលពីដើមឆ្នាំនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hyundai ដែលរួមគ្នាជាមួយក្រុមហ៊ុន Kia ប្រតិបត្តិការរោងចក្រផលិតនៅក្នុងប្រទេសរុស្ស៊ី ក៏បានសម្រេចចិត្តផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះផងដែរ។ ក្នុងនោះ ក្រុមហ៊ុនបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Hyundai Motor Manufacturing Russia (HMMR) ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែបញ្ហាដឹកជញ្ជូនសកលដែលកំពុងបន្តជាមួយនឹងការចែកចាយគ្រឿងបន្លាស់៕