ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចី និងជំនួយចំនួន ៧២៣ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ជាមួយគ្នានេះដែរ ធនាគារពិភពលោក បាននិយាយថា ខ្លួនកំពុងបន្តធ្វើការលើកញ្ចប់ជំនួយចំនួន ៣ ពាន់លានដុល្លារផ្សេងទៀត នៅក្នុងប៉ុន្មានខែខាងមុខនេះ សម្រាប់ប្រទេសអ៊ុយក្រែន។
វាក៏បានសន្យាជំនួយបន្ថែមសម្រាប់ប្រទេសជិតខាងដែលកំពុងទទួលយកជនភៀសខ្លួនជាង ១,៧ លាននាក់ ដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់ ទៀតផង។
គួរឲ្យដឹងថា កញ្ចប់ហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែននោះ ក៏រួមមានជំនួយចំនួន ១០០ លានដុល្លារ ពីចក្រភពអង់គ្លេស ផងដែរ។
ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមធនាគារពិភពលោកកំពុងចាត់វិធានការរហ័ស ដើម្បីគាំទ្រអ៊ុយក្រែន និងប្រជាជនរបស់ពួកគេ ក្នុងការប្រឈមមុខនឹងអំពើហិង្សា និងការរំខានយ៉ាងខ្លាំង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី” ។
ធនាគារពិភពលោកបានបញ្ជាក់ថា មូលនិធិនេះនឹងជួយរដ្ឋាភិបាលអ៊ុយក្រែនផ្តល់សេវាសំខាន់ៗ រួមទាំង ប្រាក់ឈ្នួលសម្រាប់បុគ្គលិកមន្ទីរពេទ្យ ប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់ និងកម្មវិធីសង្គមសម្រាប់ជនងាយរងគ្រោះ៕