ប្រធានធនាគារពិភពលោក បានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា សង្រ្គាមនៅអ៊ុយក្រែន គឺជា “មហន្តរាយ” សម្រាប់ពិភពលោក ដែលនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោក។
លោក David Malpass បាននិយាយថា “សង្រ្គាមនៅអ៊ុយក្រែនកើតឡើងក្នុងពេលវេលាដ៏អាក្រក់ សម្រាប់ពិភពលោក ដោយសារតែអតិផរណាកំពុងកើនឡើងរួចទៅហើយ” ។
លោកបានសង្កត់ធ្ងន់ថា ការព្រួយបារម្ភដ៏ធំបំផុតរបស់លោកគឺ “អំពីការបាត់បង់ជីវិតមនុស្សល្អ” ដែលកំពុងកើតឡើង។ គួរឲ្យដឹងថា ជនស៊ីវិល និងទាហានរាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នា ក្នុងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
លោក Malpass បាននិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្រ្គាមនេះ លាតសន្ធឹងហួសពីព្រំដែនរបស់អ៊ុយក្រែន ហើយការកើនឡើងនៃតម្លៃថាមពលសកល ជាពិសេសប៉ះពាល់ដល់អ្នកក្របំផុត។ មិនតែប៉ុណ្ណោះ តម្លៃអាហារក៏ត្រូវបានជំរុញឡើងដោយសង្រ្គាមផងដែរ៕