ក្នុងនោះ សម្រាប់ការបើកដំណើរការនូវម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou របស់ប្រទេសចិន ដែលជាមូលដ្ឋានថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅក្នុងពិភពលោកនេះ គឺត្រូវបានធ្វើឡើងថ្ងៃទី 1 ខែមករា បន្ទាប់ពីបានបញ្ចប់ការធ្វើតេស្ត និងការដំណើរការសាកល្បងយ៉ាងពេញលេញ។

ចំពោះសមត្ថភាពរបស់ម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou នេះ គឺមានសមត្ថភាពផលិតថាមពលបានដល់ទៅ 1,126 MWe ឯណ្ណោះ ហើយវាគឺជាការបញ្ចប់នូវដំណាក់កាលទី ១ នៃគម្រោងផែនការសាងសង់ម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរសរុបចំនួន ៦ ។

- គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou នេះ គឺត្រូវបានអភិវឌ្ឍដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) សហការជាមួយ China Guodian ។ វាប្រើប្រាស់នូវម៉ាសុីនរ៉េអាក់ទ័រជំនាន់ទី 3 ហៅថា “Hualong One” ដែលជាបច្ចេកវិទ្យាផលិតក្នុងស្រុក និងបំពេញតាមស្តង់ដារសុវត្ថិភាពអន្តរជាតិរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។

ជាក់ស្តែង សម្រាប់គម្រោងនេះ គឺត្រូវបានគេចាត់ទុកថាជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រជំនាន់ថ្មីរបស់ចិន នៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងឈានទៅរកការមិនបញ្ចេញឧស្ម័នពុលនៅឆ្នាំ 2060 ហើយនៅពេលដែលម៉ាសុីនរ៉េអាក់ទ័រទាំង 6 ត្រូវបានសាងសង់រួចរាល់ និងដំណើរការពេញលេញ នោះវាគឺត្រូវបានរំពឹងថានឹងអាចផលិតថាមពលបានសរុបដល់ទៅ 60 ពាន់លានគីឡូវ៉ាត់ម៉ោងឯណ្ណោះ នៅក្នុងមួយឆ្នាំ៕


