កាលពីប៉ុន្មានខែមុន SpaceX បានបើកបាញ់បង្ហោះយានអវកាស ដោយបញ្ជូនអវកាសយានិករបស់អង្គការ NASA ឈ្មោះ Bob Behnken និង Doug Hurley ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រមួយ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ International Space Station (ISS)។
វាគឺជាលើកទីមួយហើយដែលក្រុមហ៊ុនឯកជន SpaceX បាននាំយកអវកាសយានិកចូលទៅក្នុងគន្លងគោចរ ប៉ុន្តែបេសកកម្មនេះគឺជាមូលដ្ឋានគ្រឹះនៃការហោះហើរសាកល្បង ដើម្បីបញ្ជាក់ថា យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX គឺមានសុវត្ថិភាពសម្រាប់មនុស្ស។
Behnken និង Hurley បានត្រលប់មកវិញដោយសុវត្ថិភាព ដោយទម្លាក់ខ្លួននៅមហាសមុទ្រអាត្លង់ទិច កាលពីខែសីហាបន្ទាប់ពីស្នាក់នៅលើស្ថានីយ៍អវកាសអន្តរជាតិ អស់រយៈពេលពីរខែ។
មន្ត្រីអង្គការ NASA បានពិនិត្យមើលទិន្នន័យពីបេសកកម្មនោះ ហើយកាលពីថ្ងៃអង្គារកន្លងទៅនេះ ពួកគេបានអនុញ្ញាតឲ្យក្រុមហ៊ុន SpaceX បានចាប់ផ្តើមហោះហើរជាទៀងទាត់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដែលជាផ្នែកប្រតិបត្តិការនៃកម្មវិធី “Human Spaceflight Program” ដែលវានឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។
គួរឲ្យដឹងថា នៅល្ងាចថ្ងៃសៅរ៍នេះ SpaceX ត្រូវបានកំណតឲ្យបាញ់បង្ហោះអវកាសយានិកចំនួន ៤ រូប សម្រាប់បេសកកម្ម Crew-1 របស់ខ្លួន។
Shannon Walker, Victor Glover និង Michael Hopkins គឺហោះហើរឲ្យអង្គការ NASA ហើយ Soichi Noguchi គឺហោះហើរឲ្យទីភ្នាក់ងាររុករកអវកាសជប៉ុន (Japanese Aerospace Exploration Agency)។ ពួកគេទាំងនោះសុទ្ធតែធ្លាប់បានធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ លើកលែងតែ Victor Glover៕