យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃប្រេង និងហ្គាស់ កំពុងឡើងថ្លៃដោយសារតែការភ័យខ្លាចថា វិបត្តិអ៊ុយក្រែន-រុស្ស៊ីនឹងរំខានដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។
តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិ បានឈានដល់កម្រិតខ្ពស់រយៈពេល ៧ឆ្នាំ គឺ ៩៩,៣៨ដុល្លារក្នុងមួយធុងបារ៉ែល កាលពីថ្ងៃអង្គារ។
ប្រភពដដែលខាងលើបានបង្ហាញថា វិបត្តិនេះនឹងជំរុញឲ្យម្លៃប្រេងឥន្ធនៈរបស់ចក្រភពអង់គ្លេស និងតាមបណ្តាប្រទេសមួយចំនួនកើនឡើងបន្ថែមទៀត។
នៅក្នុងទីក្រុងឡុងដ៍ សន្ទស្សន៍ភាគហ៊ុន FTSE 100 បានបើកជាមួយនឹងអាត្រាទាបជាងមុខ ១,៤% ប៉ុន្តែទីផ្សារភាគហ៊ុនអាស៊ី បានបិទទាបជាងនោះទៅទៀត ខណៈផ្សារហ៊ុនអាមេរិកត្រូវប្រឈមមុខនឹងការខាតបង់។
ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន បានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំទី២ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ រុស្សី ក៏ជាប្រទេសផលិតហ្គាស់ធម្មជាតិលំដាប់កំពូលរបស់ពិភពលោកផងដែរ៕