តម្លៃមាសរបស់វៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ កាលពីថ្ងៃអង្គារ ដោយសារតែការកើនឡើងនៃភាពតានតឹងអន្តរជាតិ ជុំវិញស្ថានភាពអ៊ុយក្រែន-រុស្ស៊ី។
ក្រុមហ៊ុន Saigon Jewelry Company (SJC) របស់ប្រទេសវៀតណាម បានលក់មាសរបស់ខ្លួនក្នុងតម្លៃ ៦៣,៨៥ លានដុង (២ ៧៩៨ ដុល្លារ) ក្នុងមួយតែល (tael) ឬ ៣៧,៧៩ក្រាម កើនឡើង ១,០៣ ភាគរយពីថ្ងៃច័ន្ទ។
ចំណែកឯក្រុមហ៊ុន DOJI បានលក់មាសរបស់ខ្លួនក្នុងតម្លៃ ៦៣,៦៥ លានដុង ក្នុងមួយតែល (tael) កើនឡើង ០,៧១ ភាគរយ។
នៅក្នុងទីផ្សារពិភពលោក មាសបានកើនឡើង ០,២% ដល់កម្រិតខ្ពស់ជិត ៩ខែ គឺ ១ ៩០៩,៣៣ដុល្លារក្នុងមួយអោន (ounce) ឬ ២៨,៣៤ក្រាម។
គួរឲ្យដឹងដែរថា ភាពតានតឹងបានកើនឡើងនៅអឺរ៉ុបខាងកើតកាន់តែខ្លាំង បន្ទាប់ពីរុស្ស៊ីបានបញ្ជាឲ្យកងទ័ពចូលទៅក្នុងតំបន់ដាច់ចេញពីភាគខាងកើតអ៊ុយក្រែន៕