ក្រុមហ៊ុន Huawei Technologies នឹងចំណាយប្រាក់ចំនួន ៤ ពាន់លានយ័ន (៦៣២ លានដុល្លារអាមេរិក) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មី និងមជ្ឈមណ្ឌល R&D សម្រាប់អង្គភាពថាមពលឌីជីថល (digital power unit) របស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនមួយនេះ ធ្វើពិពិធកម្មចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក។
យោងតាមកាសែត 21st Century Herald បានរាយការណ៍ថា ក្រុមហ៊ុន Huawei Digital Power បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ជាមួយរដ្ឋាភិបាលក្នុងតំបន់នៃទីក្រុង Shenzhen។
ការចុះហត្ថលេខានេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ធំ ដែលធ្វើឡើងដោយទីក្រុង Shenzhen ដើម្បីសម្គាល់ការបើកដំណើរការគម្រោងសំណង់ថ្មីនៅក្នុងទីក្រុង។
កាសែត The 21st Century Herald បានបន្ថែមថា គម្រោងរបស់ក្រុមហ៊ុន Huawei គឺអំណោយផលដល់ការលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ “dual carbon” ដោយសំដៅលើគោលដៅរបស់ប្រទេសចិន ក្នុងការឈានដល់កម្រិតកំពូលនៃការបំភាយកាបូន (carbon emissions peak) មុនឆ្នាំ ២០៣០ និងក្លាយជាភាពគ្មានការបំភាយកាបូន “carbon neutral” មុនឆ្នាំ ២០៦០៕