អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។
លោក Thanakorn Wangboonkongchana បាននិយាយថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្តីជូនដំណឹងពីក្រសួងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយពន្ធនាំចូលលើ រថយន្តអគ្គិសនីដែលបានផលិតទាំងស្រុង ចំនួន ៤០% ដែលមានតម្លៃរហូតដល់ ២ លានបាត និង ២០% សម្រាប់ការនាំចូលរថយន្តអគ្គិសនី ដែលមានតម្លៃពី ២ លាន ទៅ ៧ លានបាត។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អត្រាពន្ធអាករថ្មីខាងលើនឹងអនុវត្តចំពោះយានជំនិះចំនួន ២៧ ប្រភេទ ប៉ុន្តែក្នុងនោះមាន ៦ ប្រភេទ នឹងត្រូវអនុវត្តភ្លាមៗ។
គួរឲ្យដឹងថា យានជំនិះដឹកអ្នកដំណើរ (Pickup passenger vehicle ឬ PPV) ដែលជារថយន្តអគ្គិសនីកូនកាត់ plug-in hybrid នឹងត្រូវបង់ពន្ធអាករ ១០% នៃតម្លៃរបស់ពួកវា ចាប់ពីការចាប់ផ្តើមនៃអត្រាថ្មី រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣៥។
រថយន្តដែលដឹកអ្នកដំណើររហូតដល់ទៅ ១០ នាក់ ដែលដើរដោយថាមពលអគ្គិសនី នឹងត្រូវយកពន្ធចំនួន ២% រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។ បន្ទាប់មកអត្រានឹងមានពី ៨% ទៅ ១០%។
រថយន្ត Eco នឹងត្រូវបង់ពន្ធ ១៤% រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។ បន្ទាប់មក អត្រាពន្ធនឹងមានពី ១០% ទៅ ១២% រហូតដល់ឆ្នាំ ២០២៥ អាស្រ័យលើកម្លាំងម៉ាស៊ីន ការបំភាយកាបូន និងស្តង់ដារសុវត្ថិភាព។
ដោយឡែក រថយន្តប្រភេទ ២បាំងកន្លះ ដែលប្រើ plug-in hybrid នឹងត្រូវបង់ពន្ធ ៥%។ រថយន្តភីកអាប់ដែលដើរដោយថាមពលអគ្គិសនីសុទ្ធ នឹងមានពន្ធអាករ ០% រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ និង ២% ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣៥៕