យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនយន្តហោះយក្សរបស់អឺរ៉ុប Airbus បានប្រកាសពីប្រាក់ចំណេញជាកំណត់ត្រាក្នុងឆ្នាំ ២០២១ បន្ទាប់ពីខាតអស់រយៈពេល ២ឆ្នាំ នៅពេលដែលវាបានឆ្លងកាត់វិបត្តិនៃជំងឺកូវីដ១៩ នៅក្នុងឧស្សាហកម្មទេសធ្វើដំណើរ។
ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងដល់ ៤,២ពាន់លានអឺរ៉ូ (៤,៧ពាន់លានដុល្លារ) ជាមួយនឹងការចែកចាយយន្តហោះកើនឡើង ៨ ភាគរយ ដល់ ៦១១ គ្រឿង។
ជាមួយគ្នានេះដែរ ដោយបង្ហាញពីទស្សនវិស័យសុទិដ្ឋិនិយមរបស់ខ្លួនសម្រាប់អនាគត ក្រុមហ៊ុន Airbus កំពុងកំណត់គោលដៅចែកចាយយន្តហោះពាណិជ្ជកម្មឲ្យបានចំនួន ៧២០ គ្រឿងក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើង ១៨ ភាគរយឯណោះ។
នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ឆ្នាំ ២០២១ គឺជាឆ្នាំនៃការផ្លាស់ប្តូរ ដែលការយកចិត្តទុកដាក់របស់យើងបានផ្លាស់ប្តូរ ចាប់ពីការទប់ទល់ជំងឺរាតត្បាត ឆ្ពោះទៅរកការងើបឡើងវិញ និងកំណើន។ អរគុណចំពោះភាពធន់ និងការខិតខំប្រឹងប្រែងរបស់ក្រុម អតិថិជន និងអ្នកផ្គត់ផ្គង់របស់យើងៗទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ពេញមួយឆ្នាំ”៕