ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងរីកចម្រើននៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួន គឺប្រទេសចិន នៅឆ្នាំ ២០២២ នេះ សូម្បីតែបន្ទាប់ពីវាត្រូវបានរងផលប៉ះពាល់ដោយការរឹតបន្តឹងជំងឺរាតត្បាតកូវីដ១៩ ជាថ្មី និងបន្ទាប់ពីការធ្វើពហិការអ្នកប្រើប្រាស់ម៉ាកយីហោលោកខាងលិចក៏ដោយ។
ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីអ្នកគ្រប់គ្រងទស្សនាវដ្ដី Magazin បានរាយការណ៍ថា Adidas រំពឹងថា ការលក់នៅក្នុងប្រទេសចិន នឹងធ្លាក់ចុះ ៤០០ លានអឺរ៉ូ (៤៥៥ លានដុល្លារ) ក្នុងឆ្នាំ ២០២២ ដោយមិនដកស្រង់ប្រភពរបស់ខ្លួនឡើយ។
នៅពេលសួរនាំអំពីអត្ថបទខាងលើ អ្នកនាំពាក្យរបស់ Adidas បាននិយាយថា “អាជីវកម្មរបស់យើងនៅក្នុងប្រទេសចិនបានកើនឡើងនៅឆ្នាំ ២០២១ ហើយអាជីវកម្មរបស់យើងនៅក្នុងប្រទេសចិន នឹងកើនឡើងនៅឆ្នាំ ២០២២ ផងដែរ។”
គួរឲ្យដឹងដែរថា ការលក់នៅត្រីមាសទី៣ របស់ Adidas បានធ្លាក់ចុះ ១៥ ភាគរយនៅក្នុងតំបន់ Greater China ទោះបីជាពួកគេបានកើនឡើង ១៥ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ ក៏ដោយ។
សូមបញ្ជាក់ឲ្យដឹងដែរថា ម៉ាកយីហោលោកខាងលិច បានរងការរិះគន់នៅក្នុងប្រទេសចិន សម្រាប់ការនិយាយថា ពួកគេនឹងមិនប្រើប្រាស់កប្បាស ពី Xinjiang ឡើយ បន្ទាប់ពីមានរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិអ៊ុយហ្គួរម៉ូស្លីម (Uyghur Muslims) នៅក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធរាល់ការបំពានទាំងឡាយ៕