ក្រុមហ៊ុន Thai Oil Public Company Limited របស់ប្រទេសថៃ គ្រោងនឹងរៃអង្គាសប្រាក់ឲ្យបានប្រហែល ១,១ពាន់លានដុល្លារអាមេរិក ពីការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតថាមពលក្នុងស្រុក និងការផ្តល់ជូនភាគហ៊ុនថ្មី ដើម្បីសងប្រាក់កម្ចីរយៈពេលខ្លី និងផ្តល់មូលនិធិដល់ការពង្រីកអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនចម្រាញ់ប្រេងថៃខាងលើនេះ នឹងលក់ភាគហ៊ុនប្រហែល ១១% នៅក្នុងក្រុមហ៊ុន Global Power Synergy Pcl ក្នុងតម្លៃ ២២,៤ ពាន់លានបាត (៦៩៧ លានដុល្លារ) ទៅឲ្យក្រុមហ៊ុនមេ PTT Pcl។ នេះបើយោងតាមឯកសារផ្លាស់ប្តូរកាលពីថ្ងៃសុក្រ។
ក្រុមហ៊ុននេះក៏នឹងចេញភាគហ៊ុនថ្មីចំនួន ២៧៥ លានចំណែក ដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន និងអ្នកវិនិយោគផ្សេងទៀតផងដែរ។ ការលក់ភាគហ៊ុនថ្មីអាចបង្កើនចំនួន ១៤,៦ ពាន់លានបាត ដោយផ្អែកលើតម្លៃបិទរបស់ Thai Oil ចំនួន ៥៣,២៥ បាតក្នុងមួយភាគហ៊ុន កាលពីថ្ងៃព្រហស្បតិ៍។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Thai Oil កំពុងតែពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ដោយចូលរួមជាមួយក្រុមហ៊ុន PTT និងសាខាផ្សេងទៀតរបស់ខ្លួន ដើម្បីទាញយកតម្រូវការកើនឡើងសម្រាប់ផលិតផលថាមពល និងគីមីឥន្ធនៈនៅក្នុងប្រទេសជិតខាងដូចជា វៀតណាម និងឥណ្ឌូនេស៊ី។
ក្រុមហ៊ុន Thai Oil បាននិយាយថា ប្រាក់ចំណូលដែលទទួលបានពីការលក់ភាគហ៊ុន Global Power នឹងឆ្ពោះទៅរកការសងប្រាក់កម្ចីធនាគាររយៈពេលខ្លី ដែលប្រើសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Chandra Asri។ ក្រុមហ៊ុនក៏បានបន្ថែមទៀតថា ការផ្តល់ជូនភាគហ៊ុនថ្មី គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុរយៈពេលវែងរបស់ខ្លួន៕