ថៅកែក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយរបស់អាស៊ី បានអំពាវនាវឲ្យរដ្ឋាភិបាលក្នុងតំបន់របស់ខ្លួនបើកព្រំដែនរបស់ពួកគេឡើងវិញ ដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។
លោក Tony Fernandes ស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ប្រទេសម៉ាឡេស៊ី បានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា “អ្នកនយោបាយត្រូវតែក្លាហាន” ។
ទេសចរណ៍ឆ្លងព្រំដែនដែលមានចំនួន ១២% នៃផលិតផលក្នុងស្រុកសរុបរបស់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៩ ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបម៉ាឡេស៊ីខាងលើ បានបន្ថែមថា “វាដល់ពេលដែលត្រូវដកដង្ហើមឲ្យធំ ហើយវាយតម្លៃការពិត… ការបិទព្រំដែនមិនមែនជាហេតុផលទៀតនោះទេ ព្រោះ Omicron ស្ថិតនៅក្នុងសង្គម” ។
លោកបានបន្តថា “ឥឡូវនេះ យើងត្រូវការពារជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាជន”។
មិនខុសពីក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននៅជុំវិញពិភពលោក AirAsia បានរាយការណ៍ពីការខាតបង់ដ៏ធំក្នុងឆ្នាំ ២០២០។ ប៉ុន្តែខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិតម្លៃទាបនៅអឺរ៉ុប និងអាមេរិកខាងជើង រីករាយនឹងការស្ទុះងើបឡើងវិញនៅឆ្នាំ ២០២១ ដោយសារច្បាប់ធ្វើដំណើរត្រូវបានបន្ធូរបន្ថយ ក្រុមហ៊ុនអាកាសចរណ៍អាស៊ីនេះកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត៕