យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង Samsung Electro-Mechanics Co Ltd នឹងវិនិយោគទឹកប្រាក់ចំនួន ៩២០ លានដុល្លារ នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅភាគខាងជើងប្រទេសវៀតណាម។
រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងជំរុញដល់ការផលិតដែលមានស្រាប់របស់ក្រុមហ៊ុន Samsung Electro-Mechanics Co Ltd នៅក្នុងខេត្ត Thai Nguyen នៃបន្ទះឈីបអេឡិចត្រូនិច និងគ្រឿងបន្លាស់ទូរសព្ទផ្សេងទៀត ហើយនឹងបង្កើនការវិនិយោគសរុបរបស់ក្រុមហ៊ុនដល់ចំនួន២,២៧ ពាន់លានដុល្លារ។
គួរឲ្យដឹងថា ប្រទេសវៀតណាម ដែលជាមហាអំណាចផលិតកម្មមួយ បានក្លាយជាផ្នែកដ៏សំខាន់កាន់តែខ្លាំងឡើងនៃខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យានៅលើពិភពលោក។ វាបានទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគពីក្រុមហ៊ុនដែលស្វែងរកការធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេ និងកាត់បន្ថយការប៉ះពាល់របស់ពួកគេទៅកាន់ប្រទេសចិន ហើយក៏ដោយសារតែភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់វៀតណាមផងដែរ។
ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២,៥៧លានករណី និងមានអ្នកស្លាប់ប្រមាណ ៣៩ ០០០នាក់។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ជាង ៧៦ ភាគរយនៃចំនួនប្រជាជន ៩៨ លាននាក់របស់ខ្លួន បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់២ លើករួចទៅហើយ៕