ហានិភ័យដែលពាក់ព័ន្ធនឹង non-fungible tokens ឬ NFT និង metaverse ស្ថិតក្នុងចំណោមការគំរាមកំហែងផ្នែកសុវត្ថិភាពសំខាន់ៗ ដែលត្រូវប្រុងប្រយ័ត្ននៅក្នុងទីក្រុងហុងកុង ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមក្រុមឃ្លាំមើលសុវត្ថិភាពអ៊ីនធឺណិត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលហុងកុង Hong Kong Computer Emergency Response Team Coordination Centre (HKCERT)។
HKCERT បានព្រមានថា នៅពេលដែលតម្លៃនៃរូបិយប័ណ្ណគ្រីបតូបន្តកើនឡើង ឧក្រិដ្ឋជនអាចលួចព័ត៌មានអ្នកប្រើប្រាស់ ឬចូលទៅកាន់គណនីរបស់ពួកគេដើម្បីប្លន់ប្រាក់ មិនថានៅចំណុចប្រតិបត្តិការ ឬកន្លែងដែលវាត្រូវបានរក្សាទុកឡើយ។
HKCERT បានបន្ថែមទៀតថា កាលពីឆ្នាំមុន វាបានដោះស្រាយឧប្បត្តិហេតុសុវត្ថិភាពព័ត៌មានចំនួន ៧ ៧២៥ករណី ដោយក្នុងនោះមាន ៤៨% ជាករណីបោកប្រាស់ (phishing scam) ពោលគឺកើនឡើង ៧% ពីឆ្នាំ ២០២០។ Phishing ដែលជាប្រភេទទូទៅនៃការបោកប្រាស់តាមអ៊ីនធឺណិត កើតឡើងនៅពេលដែលនរណាម្នាក់ដាក់ឈ្មោះជាស្ថាប័នស្របច្បាប់ បោកបញ្ឆោតអ្នកប្រើប្រាស់ឲ្យបើកតំណភ្ជាប់ណាមួយ ដែលអាចលួចយកព័ត៌មានរបស់ពួកគេ។
NFT ដែលជាទ្រព្យសម្បត្តិឌីជីថល ត្រូវបានផ្ទៀងផ្ទាត់ដោយ blockchains បានក្លាយជាការពេញនិយមនៅជុំវិញពិភពលោក ជាពិសេសអ្នកមានស្នាដៃសិល្បៈឌីជីថល៕