ក្រុមហ៊ុន Coca-Cola ដែលកំពុងស្ថិតក្រោមសម្ពាធពីអ្នកបរិស្ថានជុំវិញគោលនយោបាយវេចខ្ចប់របស់ខ្លួន បានសន្យាថា នឹងប្រើប្រាស់ដប-កំប៉ុង-ធុង ដែលអាចប្រើឡើងវិញបានយ៉ាងហោចណាស់ ២៥ ភាគរយ នៃភេសជ្ជៈរបស់ខ្លួនត្រឹមឆ្នាំ ២០៣០។
ក្រុមហ៊ុនសូដាយក្សខាងលើបានប្រកាសការសន្យានេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ដោយនិយាយថា វានឹងអនុវត្តជាសកលតាមរយៈដបកែវ និងដបប្លាស្ទិកដែលវាលក់ទៅឲ្យអ្នកប្រើប្រាស់ និង ធុងដែលប្រើតាមម៉ាស៊ីនចែកចាយ។
Coca-Cola ក៏បានបញ្ជាក់បន្ថែមទៀតថា កុងតឺន័រដែលអាចចាក់ប្រើបានវិញ មានប្រហែល ១៦ ភាគរយនៃបរិមាណសរុបក្នុងឆ្នាំ ២០២០។
លោក Ben Jordan នាយកជាន់ខ្ពស់ផ្នែកវេចខ្ចប់ និងអាកាសធាតុនៅក្រុមហ៊ុន Coca-Cola មានប្រសាសន៍ថា “ការវេចខ្ចប់ដែលអាចប្រើឡើងវិញបាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយកាកសំណល់ ប្រើប្រាស់ធនធានតិចជាងមុន និងកាត់បន្ថយកម្រិតកាបូនរបស់យើង ក្នុងការគាំទ្រដល់សេដ្ឋកិច្ចរាងជារង្វង់”៕
Coca-cola can