អតិផរណាខ្ពស់, កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងសម្ភារៈសំណង់ នឹងជំរុញឲ្យតម្លៃផ្ទះថ្មីកើនឡើងខ្ពស់នៅឆ្នាំ ២០២២ នេះ បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះ ចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ២០២០ មក។
លោក Phanid Maneerattanaporn នាយកផ្នែកសាងសង់ និងអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនសាងសង់ផ្ទះ Landy Home (Thailand) បាននិយាយថា តម្លៃនៃការសាងសង់លំនៅដ្ឋាននៅឆ្នាំនេះពិតជានឹងកើនឡើង។
លោកបានបន្តថា៖ «វានឹងជាឆ្នាំដ៏លំបាកមួយសម្រាប់អ្នកសាងសង់គេហដ្ឋាន ដោយសារផ្នែកតម្រូវការខ្លាំង ប៉ុន្តែផ្នែកផ្គត់ផ្គង់ ឬតម្លៃសំណង់មានការព្រួយបារម្ភ។ យើងត្រូវការគ្រប់គ្រងការចំណាយឲ្យបានល្អបំផុត ដើម្បីបញ្ចប់ការសាងសង់ក្នុងតម្លៃដែលយើងបានព្រមព្រៀងជាមួយអតិថិជនពីមុនមក»។
លោកបន្តថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ខ្ពស់ ប៉ះពាល់ដល់ថ្លៃរស់នៅ និងប្រាក់ឈ្នួលផងដែរ។
គួរឲ្យដឹងថា តម្លៃសម្ភារៈសំណង់មួយចំនួន ដូចជា ស៊ីម៉ងត៍ និងដែក បានកើនឡើង ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង ៥០% បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ចទូទាំងពិភពលោកបានដំណើរការឡើងវិញ៕