ពេលជួបសម្ភាសន៍ជាមួយវិបសាយ Autocar នាពេលថ្មីៗនេះ លោក Adrian Hallmark ជាប្រធានក្រុមហ៊ុន Bentley បានទទួលស្គាល់ថាក្រុមហ៊ុនខ្លួនបានរក្សាចំនួនផលិតនៅត្រឹមខ្ទង់ ១ម៉ឺនគ្រឿងចាប់តាំងពីឆ្នាំ ២០០៧ មក ដោយមិនបានបង្កើនទំហំផលិតនោះឡើយ ទោះបីជាមានតម្រូវខ្ពស់លើទីផ្សារក្ដី។ លោក Adrian បានប្រាប់ថា ៖ “យើងមិនមានគោលដៅផលិត ១៥ ០០០គ្រឿង ឬ ១៣ ០០០គ្រឿងក្នុងមួយឆ្នាំនោះទេ។” ក្រុមហ៊ុនភាគច្រើនដូចជា Porsche និង Audi តែងមានបំណងចង់ពង្រីកទំហំផលិតរបស់ខ្លួន ប៉ុន្តែ Bentley យល់ថារឿងបែបនេះមិនសក្ដិសមនឹងខ្លួននោះទេ។
គោលដៅរបស់ Bentley គឺចង់បង្កើនលុយចំណេញឲ្យបានកាន់តែច្រើន ពីការលក់ចេញរថយន្តមួយគ្រឿងៗ។ គួរដឹងថាកន្លងមកក្រុមហ៊ុន Bentley ជោគជ័យក្នុងការបង្កើនប្រាក់ចំណេញពីការលក់រថយន្តមួយគ្រឿងៗ តាមរយៈផលិតរថយន្តពិសេសៗ មានផលិតក្នុងចំនួនកំណត់ ដែលដាក់លក់ក្នុងតម្លៃថ្លៃ។
ជាក់ស្ដែងដូចជារថយន្ត Bentley Bacalar ឆ្នាំ ២០២១ មានផលិតត្រឹម ១២គ្រឿងប៉ុណ្ណោះក្នុងលោក ហើយបានលក់ចេញអស់គ្មានសល់ ទោះបីវាមានតម្លៃជាង ១,៩លានដុល្លារក្ដី៕