ក្រុមហ៊ុន Microsoft បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារកាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំនៅក្នុងសេវាកម្ម cloud computing និង software ដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩ ក្រោយមានការផ្លាស់ប្តូររបៀបធ្វើការងារ, ការលេង, ការដើរទិញឥវ៉ាន់ និងការរៀន។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលបានប្រកាសកាលពីសប្តាហ៍មុននូវកិច្ចព្រមព្រៀងទិញក្រុមហ៊ុនហ្គេមយក្ស Activision Blizzard បាននិយាយថា ប្រាក់ចំណេញបានកើនឡើងដល់ ១៨,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំមុន។
នាយកប្រតិបត្តិ Microsoft លោក Satya Nadella បាននិយាយនៅក្នុងការប្រកាសប្រាក់ចំណូលចំនួន ៥១,៧ ពាន់លានដុល្លារ ថា “បច្ចេកវិទ្យាឌីជីថល គឺជាធនធានដែលអាចគ្រប់គ្រងបានបំផុតក្នុងពិភពលោក ដើម្បីយកឈ្នះលើឧបសគ្គ និងគិតឡើងវិញនូវការងារ និងជីវិតប្រចាំថ្ងៃ”។
គួរឲ្យដឹងថា ការវិនិយោគរបស់ Microsoft រួមមានការបង្ហូរប្រាក់ចូលទៅក្នុងទីផ្សារវីដេអូហ្គេម ដែលកំពុងរីកចម្រើន និងដោយការពង្រីកផ្នែក metaverse ដែលជាចក្ខុវិស័យជាក់ស្តែងសម្រាប់អនាគតរបស់អ៊ីនធឺណិត ផងដែរ៕