វៀតណាម អាចក្លាយជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម Startup របស់អាស៊ី បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកបានឃើញការបង្កើនមូលនិធិជាង ៤០ ដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
លោក Binh Tran សហស្ថាបនិកនៃក្រុមហ៊ុន Ascend Vietnam Ventures បានប្រាប់សារព័ត៌មាន Bloomberg ថា មូលនិធិបណ្តាក់ទុនសម្រាប់អាជីវកម្ម Startup ក្នុងប្រទេសវៀតណាម បានឈានដល់ ២,១ ពាន់លានដុល្លារកាលពីឆ្នាំមុន ពោលគឺកើនឡើងពីត្រឹមតែ ៤៨ លានដុល្លារក្នុងឆ្នាំ ២០១៧។
លោក Binh Tran បានបន្ថែមថា វិស័យនេះឥឡូវកំពុងទាក់ទាញអ្នកវិនិយោគទុនលំដាប់កំពូលពី Silicon Valley រួមទាំងក្រុមហ៊ុន Goodwater Capital LLC, Accel Partners LP និង Altos Ventures Management Inc ទៀតផង។
លោកបានបន្តថា៖ «វៀតណាម បានមើលឃើញនូវភាពចាស់ទុំ និងកំណើនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនឹងជួយឲ្យវាក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់តំបន់»។
ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងមានសេដ្ឋកិច្ចឌីជីថលធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០៣០ នេះបើយោងតាមរបាយការណ៍របស់ Google, Temasek Holdings Pte និង Bain & Co៕