ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានលក់រថយន្តដែលផលិតនៅក្នុងប្រទេសចិន ចំនួន ៧០ ៨៤៧គ្រឿងក្នុងខែធ្នូ ដែលជាអត្រាប្រចាំខែខ្ពស់បំផុត ចាប់តាំងពីវាបានចាប់ផ្តើមផលិតនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលពីថ្ងៃអង្គារ។
វាក៏បាននាំឲ្យការលក់សរុបឆ្នាំមុនរបស់ក្រុមហ៊ុន Tesla សម្រាប់រថយន្តដែលផលិតនៅប្រទេសចិន ដល់យ៉ាងហោចណាស់ ៤៧៣ ០៧៨គ្រឿង នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ផ្អែកលើទិន្នន័យរបស់ CPCA។
ចំនួននេះស្មើនឹងពាក់កណ្តាលនៃរថយន្ត ៩៣៦ ០០០គ្រឿង ដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើបានលក់នៅទូទាំងពិភពលោកកាលពីឆ្នាំមុន។
គួរឲ្យដឹងដែរថា រោងចក្រ Shanghai របស់ក្រុមហ៊ុន Tesla ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅចុងឆ្នាំ ២០១៩ មានផលិតរថយន្តអគ្គិសនី Model 3 និងរថយន្ត Model Y សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងប្រទេសអាល្លឺម៉ង់ និងប្រទេសជប៉ុនផងដែរ៕