ក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំបំផុតរបស់ពិភពលោក Karex Bhd បានបង្ហាញឲ្យដឹងថា ការប្រើប្រាស់ស្រោមអនាម័យនៅទូទាំងពិភពលោក បានធ្លាក់ចុះដល់ទៅ ៤០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
គេហទំព័រ Nikkei Asia បានរាយការណ៍ថា សកម្មភាពផ្លូវភេទដោយប្រើប្រាស់វិធីការពារកំណើត មិនមានអាត្រាកើនឡើងនោះទេ សូម្បីតែមនុស្សស្នាក់នៅផ្ទះចំពេលមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការដកស្រង់សម្តីលោក Goh Miah Kiat នាយកប្រតិបត្តិរបស់ Karex Bhd ។
លោក Goh បានប្រាប់ឲ្យដឹងថា ការបិទសណ្ឋាគារ និង មជ្ឈមណ្ឌលសុខភាពផ្លូវភេទ អំឡុងពេលជំងឺរាតត្បាត រួមជាមួយនឹងរដ្ឋាភិបាលនានា ដែលផ្អាកកម្មវិធីចែកស្រោមអនាម័យ បានរួមចំណែកដល់ការធ្លាក់ចុះនៃការលក់ស្រោមអនាម័យរបស់ Karex។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតស្រោមអនាម័យម៉ាឡេស៊ី ដែលផលិតស្រោមអនាម័យមួយក្នុងចំនោម ៥ នៅទូទាំងពិភពលោកខាងលើ ឥឡូវនេះកំពុងងាកចូលទៅក្នុងអាជីវកម្មផលិតស្រោមដៃវេជ្ជសាស្រ្ត ដែលកំពុងរីកចម្រើនវិញ ហើយគ្រោងនឹងចាប់ផ្តើមការផលិតនៅក្នុងប្រទេសថៃ នាពាក់កណ្តាលឆ្នាំ ២០២២ នេះតែម្តង៕