ថៅកែក្រុមហ៊ុន Apple Inc លោក Tim Cook អាចរកប្រាក់ចំណូលបានច្រើនជាងបុគ្គលិកជាមធ្យមនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple រហូតដល់ទៅ ១ ៤៤៧ដងឯណោះ។ នេះបើយោងតាមឯកសារដែលនិយតករទីផ្សារអាមេរិកបង្ហាញ ជំរុញដោយរង្វាន់ភាគហ៊ុនដែលជួយលោកឲ្យរកប្រាក់ចំណូលសរុបជិត ១០០ លានដុល្លារ។
នៅឆ្នាំ ២០២១ ប្រាក់ឈ្នួលជាមធ្យមសម្រាប់បុគ្គលិក Apple គឺ ៦៨ ២៥៤ដុល្លារ ខណៈក្រុមហ៊ុននេះបាននិយាយនៅក្នុងរបាយការណ៍មួយទៅកាន់ គណៈកម្មការមូលបត្រអាមេរិក ដោយបន្ថែមថា ខ្លួនបានជ្រើសរើសបុគ្គលិកមធ្យមថ្មីសម្រាប់ការប្រៀបធៀបដោយសារតែការផ្លាស់ប្តូរការជួល និងសំណង។
គួរឲ្យដឹងថា ប្រាក់ឈ្នួលជាមធ្យមរបស់បុគ្គលិក Apple ក្នុងឆ្នាំ ២០២២ គឺ ៥៧ ៧៨៣ដុល្លារ ហើយលោក Tim Cook រកបាន ២៥៦ ដងនៃចំនួននោះ ដោយសារលោកទទួលបានរង្វាន់ភាគហ៊ុនតិច។
យ៉ាងណាមិញ ក្រុមហ៊ុន Apple ទទួលបានអត្ថប្រយោជន៍ពីតម្រូវការដ៏ខ្លាំងសម្រាប់ផលិតផល និងសេវាកម្មរបស់ខ្លួន ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈដែលអ្នកប្រើប្រាស់ធ្វើការពីផ្ទះ ហើយមានតម្រូវការអាប់ដេតឧបករណ៍ប្រើប្រាស់។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple បានកើនឡើងច្រើនជាង ៣០% ដល់ ៣៦៥,៨២ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២១ របស់ខ្លួន ដែលបានបញ្ចប់នៅថ្ងៃទី ២៥ ខែកញ្ញា។ សូមបញ្ជាក់ឲ្យដឹងដែរថា វាក៏បានជួយជំរុញភាគហ៊ុនរបស់ Apple ឲ្យកើនលើស ៣ទ្រីលានដុល្លារនៅក្នុងមូលធននីយកម្មទីផ្សារក្នុងឆ្នាំ ២០២២ នេះទៀតផង៕