តម្លៃរូបិយប័ណ្ណគ្រីបតូ Bitcoin បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីទទួលបានការកត់សម្គាល់ពីធនាគារកណ្តាលអាមេរិក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណគ្រីបតូខាងលើបានធ្លាក់ចុះតម្លៃពី ៤៧ ០០០ដុល្លារ នៅដើមសប្តាហ៍នេះ ទៅតិចជាង ៤២ ០០០ដុល្លារ ក្នុងមួយកាក់ឌីជីថល។
ការធ្លាក់ថ្លៃនេះបានកើតឡើង ក្រោយពីមានការប្រជុំរបស់ Federal Reserve របស់សហរដ្ឋអាមេរិក ដែលបានស្នើថា វាអាចដំឡើងអត្រាការប្រាក់លើ Bitcoin។
យ៉ាងណាមិញ ដោយសារតែលក្ខណៈសកល និងវិមជ្ឈការ (decentralised) របស់វា ការសន្មតថាការកើនឡើង ឬធ្លាក់ចុះនៃតម្លៃ Bitcoin ទៅនឹងមូលហេតុតែមួយ គឺពិបាកណាស់។ ប៉ុន្តែអ្នកអត្ថាធិប្បាយជាច្រើនបានចង្អុលទៅការចេញផ្សាយកំណត់ត្រាកិច្ចប្រជុំខែធ្នូរបស់ Federal Reserve ជាកត្តាជំរុញមួយ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ធនាគារកណ្តាលរបស់អាមេរិក អាចនឹងដំឡើងអត្រាការប្រាក់លឿនជាងអ្វីដែលបានរំពឹងទុក ហើយលក់ទ្រព្យសម្បត្តិមួយចំនួនរបស់ខ្លួនចេញទៀតផង៕