ប្រទេសស្រីលង្កា កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គភាពក្នុងស្រុក Lanka IOC នៃក្រុមហ៊ុន Indian Oil Corp ដើម្បីជួលធុងប្រេងចំនួន ៧៥ ខណៈដែលប្រទេសនេះបានខិតទៅកាន់តែជិត ក្នុងការធានាខ្សែឥណទានឥន្ធនៈចំនួន ៥០០ លានដុល្លារពីប្រទេសឥណ្ឌា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់ទីក្រុង Colombo នៅចុងសប្តាហ៍នេះ ដោយប្រទេសចិនក៏កំពុងប្រជែងដណ្តើមយកអំណាចនៅក្នុងប្រទេសស្រីលង្កាផងដែរ។
គួរឲ្យដឹងថា ប្រទេសស្រីលង្កា កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយទុនបំរុងប្តូរប្រាក់បរទេសធ្លាក់ចុះ និងការសងបំណុលជិត ៤,៥ ពាន់លានដុល្លារអាមេរិក ដល់ឆ្នាំ ២០២២ ដែលជំរុញឲ្យប្រទេសនេះសម្លឹងមើលមធ្យោបាយប្រកបដោយភាពច្នៃប្រឌិត ក្នុងការនាំយករូបិយប័ណ្ណបរទេស។
កាលពីមុន ប្រទេសស្រីលង្កា បានយល់ព្រមជួលធុងប្រេង ចំនួន ៩៩ ទាំងអស់របស់ខ្លួន ទៅឲ្យប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០៣ ម្តងរួចមកហើយ៕