ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បាននិយាយថា ក្រុមហ៊ុនសម្រេចបានការលក់កំណត់ត្រារថយន្តជាង ២,២ លានគ្រឿងពីម៉ាកយីហោ BMW របស់ខ្លួន ក្នុងឆ្នាំ ២០២១ ដែលលើសពីការលក់ឆ្នាំ ២០១៩ បើទោះបីជាមានការខ្វះខាតបន្ទះឈីបជាសកលក៏ដោយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា “ជាលើកដំបូងដែលមិនធ្លាប់មាន រថយន្តជាង ២,២លានគ្រឿងនៃម៉ាក BMW ត្រូវបានលក់ចេញ។ BMW ស្ថិតនៅលំដាប់ទី១ ក្នុងផ្នែករថយន្តប្រណីតលំដាប់ថ្នាក់ពិភពលោក ក្នុងឆ្នាំ ២០២១”។
ប្រធានផ្នែកលក់របស់ក្រុមហ៊ុន BMW លោក Pieter Nota បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា BMW Group រួមទាំងម៉ាក Mini និង Rolls-Royce “សម្រេចបាននូវកំណើននៃការលក់ដ៏រឹងមាំ” កាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ លោកបានបន្តទៀតថា “យើងរំពឹងថា នឹងមានកំណើនប្រាក់ចំណេញបន្ថែមទៀតដល់ឆ្នាំ ២០២២ នេះ”៕