យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វៀតណាម នឹងចាប់ផ្តើមនាំចេញផ្លែក្រូចថ្លុង ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលពីរខែខាងមុខ ដែលជាការបន្ថែមទៅលើផ្លែឈើមានស្រាប់ចំនួន៦ មុខផ្សេងទៀត ដែលបានចូលមកកាន់ទីផ្សារដ៏លំបាកបំផុតមួយក្នុងពិភពលោកនោះ។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បាននិយាយនៅក្នុងវេទិកាមួយកាលពីថ្ងៃសុក្រថា អ្នកនាំចេញគួរតែធ្វើការជាមួយអាជ្ញាធរក្នុងស្រុក ដើម្បីបំពេញឯកសារដែលត្រូវការ។
ជាមួយគ្នានេះដែរ ដូង នឹងក្លាយទៅជាផ្លែឈើទី៨ ដែលធ្វើដំណើរពីប្រទេសវៀតណាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បន្ទាប់ពីផ្លែស្វាយ មៀន គូលេន ស្រកានាគ សាវម៉ាវ និង ផ្លែទឹកដោះគោ។
គួរឲ្យដឹងដែរថា ប្រទេសវៀតណាមមានផ្ទៃដីជាង ១០៥ ០០០ ហិកតា សម្រាប់ការដាំដុះក្រូចថ្លុង ជាមួយនឹងទិន្នផល ៩៥០ ០០០ តោនក្នុងមួយឆ្នាំ។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ១១ ខែដំបូង បានកើនឡើង ៣៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ២០៣ លានដុល្លារ៕