ក្រុមហ៊ុន IKEA បាននិយាយថា ខ្លួននឹងបង្កើនតម្លៃផលិតផលរបស់ខ្លួននៅជុំវិញពិភពលោក ខណៈដែលក្រុមហ៊ុនគ្រឿងសង្ហារឹមយក្សមួយនេះ កំពុងជួបជាមួយនឹងការកើនឡើងនៃថ្លៃដឹកជញ្ជូន និងតម្លៃវត្ថុធាតុដើម។
ក្រុមហ៊ុន Ingka Holding BV ដែលជាម្ចាស់ និងប្រតិបត្តិករដ៏ធំបំផុតនៃហាង IKEA បាននិយាយថា ខ្លួនគ្រោងនឹងដំឡើងតម្លៃនៅទូទាំងក្រុម ប្រហែល ៩% ជាមធ្យម ជាមួយនឹងការប្រែប្រួលអាស្រ័យលើប្រទេស ចំពេលមានការដំឡើងថ្លៃជាសកល លើខ្សែសង្វាក់ផ្គត់ផ្គង់ និងថ្លៃដើមដែលពាក់ព័ន្ធ។
ក្រុមហ៊ុន Ingka បាននិយាយថា “IKEA បន្តប្រឈមមុខនឹងឧបសគ្គសំខាន់នៃការដឹកជញ្ជូន និងវត្ថុធាតុដើម ដែលជំរុញឲ្យតម្លៃកើនឡើង ដោយមិនមានការសម្រាក ដែលគេរំពឹងទុកនាពេលអនាគតដ៏ខ្លីខាងមុខ” ដោយរំពឹងថា ការរំខាននឹងបន្តនៅឆ្នាំ២០២២ នេះ។
ក្រុមហ៊ុនស៊ុយអែតខាងលើ បាននិយាយថា ការកើនឡើងថ្លៃដើមដ៏ធំបំផុតទាក់ទងនឹងការដឹកជញ្ជូន និងតម្លៃទិញ ហើយជាពិសេសគឺប៉ះពាល់ដល់អាមេរិកខាងជើង និងអឺរ៉ុប។
លោក Tolga Öncü អ្នកគ្រប់គ្រងប្រតិបត្តិការលក់រាយ នៅផ្នែកលក់រាយ IKEA Retail division របស់ក្រុមហ៊ុន Ingka បាននិយាយថា “ជាលើកដំបូងចាប់តាំងពីការចំណាយខ្ពស់បានចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក យើងត្រូវបញ្ជូនផ្នែកខ្លះនៃការចំណាយកើនឡើងទាំងនោះទៅឲ្យអតិថិជនរបស់យើង” ។ លោកបានបន្ថែមទៀតថា “ក្រុមហ៊ុនត្រូវចាត់វិធានការកំណត់តម្លៃឥឡូវនេះ ដើម្បីការពារភាពប្រកួតប្រជែង និងភាពធន់របស់ខ្លួន”៕