ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មវៀតណាមបានស្នើឲ្យអាជ្ញាធរខេត្តក្វាងស៊ី (Guangxi) របស់ប្រទេសចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅតាមច្រកព្រំដែន បន្ទាប់ពីប្រទេសចិនបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួន ជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលនយោបាយការពារជំងឺកូវីដ១៩។
រូបភាព និងវីដេអូពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម Vietnam News Agency (VNA) បានបង្ហាញថា ឡានដឹកទំនិញរាប់ពាន់គ្រឿងត្រូវបានចាប់ឃាំងនៅព្រំដែន បន្ទាប់ពីមានរបាយការណ៍ថា មានករណីកូវីដ១៩ នាំចូល ត្រូវបានរកឃើញនៅក្នុងខេត្តក្វាងស៊ី។
VNA បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មថា “វិធានការការពារប្រឆាំងនឹងមេរោគដែលក្វាងស៊ីកំពុងអនុវត្តក្រោមគោលនយោបាយ ‘zero COVID’ រួមមានទាំងការបិទច្រកព្រំដែន ឬការបញ្ឈប់ការនាំចូលផ្លែឈើ គឺលើសពីតម្រូវការហើយ។ ការរំខាននេះបានបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មទ្វេភាគី និងការខាតបង់យ៉ាងខ្លាំងដល់អាជីវកម្ម និងប្រជាជនទាំងសងខាង”។
ជាការឆ្លើយតប មន្ត្រីពាណិជ្ជកម្មខេត្តក្វាងស៊ី បាននិយាយថា ពួកគេនឹងបង្កើនរយៈពេលនៃការបោសសំអាតរបស់គយ និងបញ្ជូនតាមសំណើផ្សេងទៀតទៅកាន់អាជ្ញាធរជាន់ខ្ពស់។ គួរឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែឈើ និងបន្លែរបស់វៀតណាម។
ទិន្នន័យផ្លូវការបានបង្ហាញថា ចំណូលពាណិជ្ជកម្មនៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ បានកើនឡើង ១៩,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់ ១១,៣ ពាន់លានដុល្លារ៕