នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Pat Gelsinger បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែធ្ ថា ក្រុមហ៊ុន Intel Corp នឹងបណ្តាក់ទុនជាង ៧ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រវេចខ្ចប់ និងសាកល្បងបន្ទះឈីបថ្មីមួយ នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីកង្វះខាតបន្ទះឈីបអេឡិចត្រូនិកជាសកល។
លោក Pat បានបន្តថា កន្លែងវេចខ្ចប់ទំនើបថ្មីក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការផលិតនៅឆ្នាំ ២០២៤។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា ការវិនិយោគចំនួន ៧,១ ពាន់លានដុល្លារនោះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងាររបស់ Intel ជាង ៤ ០០០កន្លែង និងការងារសំណង់ច្រើនជាង ៥ ០០០កន្លែង នៅក្នុងប្រទេស។
គួររំលឹកឲ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន Intel Corp របស់សហរដ្ឋអាមេរិក និងម៉ាឡេស៊ី បាននិយាយថា ពួកគេគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅដើមឆ្នាំក្រោយ ឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ភាពធន់ និងសន្តិសុខ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃវិស័យបន្ទះឈីបអេឡិចត្រូនិក និងផលិតកម្ម។
កង្វះខាតជាសកលនៃបន្ទះឈីបអេឡិចត្រូនិក ដែលបណ្តាលមកពីការរីករាលដាលនៃតម្រូវការគ្រឿងអេឡិចត្រូនិច និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយការផលិត និងការពន្យាពេលក្នុងការចែកចាយស្មាតហ្វូន នៅក្រុមហ៊ុននានា រួមទាំង Apple ផងដែរ៕