វេទិកាចែករំលែកមាតិការបស់ឥណ្ឌា ShareChat កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនរៃអង្គាសប្រាក់បានចំនួន ២៦៦ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Alkeon Capital ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងអ្នកវិនិយោគដែលមានស្រាប់មួយចំនួន ដោយបានជំរុញឲ្យតម្លៃខ្លួនរបស់វាឡើងដល់ទៅ ៣,៧ ពាន់លានដុល្លារ។
ក្រុមហ៊ុន ShareChat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគថ្មីដែលជាផ្នែកមួយនៃការផ្តល់មូលនិធិទី៣ របស់ ShareChat ក្នុងឆ្នាំនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុន Alkeon និងបានឃើញការចូលរួមពីក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Moore Strategic Ventures ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។
គួររំលឹកឲ្យដឹងថា ShareChat រៃអង្គាសប្រាក់បាន ១៤៥ លានដុល្លារក្នុងខែកក្កដា ពីក្រុមហ៊ុន Temasek និងក្រុមហ៊ុនផ្សេងទៀត ធ្វើឲ្យតម្លៃខ្លួនរបស់វាមានប្រហែល ៣ ពាន់លានដុល្លារ។
កម្មវិធីចែករំលែកមាតិកា និងវីដេអូខ្លីរបស់ឥណ្ឌាខាងលើ បានក្លាយជាការពេញនិយមចាប់តាំងពីរដ្ឋ New Delhi បានហាមឃាត់កម្មវិធី TikTok របស់ ByteDance និងកម្មវិធីចិនមួយចំនួនទៀត បន្ទាប់ពីការប៉ះទង្គិចព្រំដែនឥណ្ឌា-ចិន។ កម្មវិធី ShareChat ដែលមានអ្នកប្រើប្រាស់សកម្ម ១៨០ លាននាក់ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះមាតិកាជា ១៥ ភាសាឥណ្ឌា៕